ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life
នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីបង្កើនទំនាក់ទំនងរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន GC Life ក៏ដូចជាផ្តល់ឱកាសដល់សិស្សនិស្សិត តាមរយៈការចូលរួមកម្មវិធីកម្មសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ការសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗទៀត។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមដោយឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមជាមួយគណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GC Life។
កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍន៍ការរីកចម្រើនរបស់និស្សិត។ លើសពីនេះទៀត ក្រុមហ៊ុន GC Life នឹងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមក្នុងកម្មវិធីកម្មសិក្សាផ្សេងៗដើម្បីទទួលបាននូវការអភិវឌ្ឍន៍ផ្នែកចំណេះដឹង ជំនាញ និងទទួលយកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាបទពិសោធន៍វិជ្ជាជីវៈផងដែរ។















